សិក្ខាសាលាផ្សព្វផ្សាយពីប្រព័ន្ធអនឡាញ

ខេត្តកំពង់ធំ៖ សិក្ខាសាលាផ្សព្វផ្សាយពីប្រព័ន្ធអនឡាញសម្រាប់ វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំបានដំណើរដោយមានការចូលរួមពី ភ្នាក់ងារផ្សព្វផ្សាយ និង មន្ត្រីគម្រោងពាក់ព័ន្ធផ្សេងៗទៀត នៅមន្ទីកសិកម្មខេត្តកំពង់ធំ ។ ដោយមានគោលបំណង ដើម្បីផ្សព្វផ្សាយពីប្រព័ន្ធសិក្សាអនឡាញដែលជាកម្មវិធីបណ្តុះបណ្តាលពីចំងាយ សម្រាប់វគ្គភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយ​ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ។ ជាកិច្ចចាប់ផ្តើមសិក្ខាសាលា លោក អែម សូរ៉ានី ប្រធានអនុកម្មវិធី ASPIRE នៅ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ថ្លៃងថា លោកមានមោទនភាពចំពោះលទ្ធផលការកសាងធនធនមនុស្ស សម្រាប់ សេវាកម្មផ្សព្វផ្សាយតាមរយៈវគ្គបណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឃុំ (Commune Extension Worker training) និង វគ្គអ្នកឯកទេសផ្សព្វផ្សាយកសិកម្ម (Agriculturla Extension Specialist training) ។ ក្នុងជំហជាស្ថាប័នបណ្តុះបណ្តាលកសិកម្ម  វិទ្យាស្ថានជាតិនឹងបន្តរួមចំណែកកាន់តែទូលាយថែមទៀត តាមរយៈប្រព័ន្ធសិក្សាអនឡាញនេះ ។  ឆ្លើយតបទៅនឹង សារៈសំខាន់នៃប្រព័ន្ធសិក្សាអនឡាញនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខប្រម៉ាញ និងនេសាទ ខេត្តកំពង់ធំ បានអះអាងពីការរួមចំណែកនិងសមត្ថភាពនៃភ្នាក់ងារផ្សព្វផ្សាយឃុំក្នុងស្រុកគោលដៅនៃកម្មវិធី ASPIRE  ហើយលោក បន្ថែមថា សេវាកម្មផ្សព្វផ្សាយតម្រូវឲ្យបង្កើនទាំងបរិមាណនិងសមត្ថភាពនៃភ្នាក់ងារផ្សព្វផ្សាយឃុំទូទាំងខេត្ត​ ។ លោកប្រធានមន្ទីរក៏បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងធនធានមនុស្សសម្រាប់សេវាផ្សព្វផ្សាយដែលឆ្លងកាត់ ការបណ្តុះបណ្តាល ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ។

ឆ្លើយតបទៅនឹងតម្រូវការសមត្ថភាពនិងធនធានមនុស្សសម្រាប់សេវាផ្សព្វផ្សាយ លោកស្រី សេង ផល្លី ក្នុងនាមគម្រោង ដៃគូក្នុងខេត្តកំពង់ធំ  និងក្នុងនាមលោកស្រីជាអ្នកសម្របសម្រួល គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ (Multisectoral Food and Nutrition Security – MUSEFO)  លោកស្រីកំពុងធ្វើការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ ក្នុងស្រុកគោលដៅរបស់ MUSEFO  ដើម្បីបណ្តុះបណ្តាលកសិករបង្គោល ដែលគម្រោង MUSEFO ហៅថា ភ្នាក់ងារ ផ្សព្វផ្សាយភូមិ (VEW) ទៅលើគោលការណ៍ការធ្វើកសិកម្មដោយគិតគូដល់អាហារូបត្ថម្ភ (Nutrition Sensitive Agriculture-NSA) ។  លើសពីនេះទៅទៀត ភ្នាក់ងារផ្សព្វផ្សាយឃុំកំពុងធ្វើការជាមួយក្រុមគោលដៅពាក់ព័ន្ធនឹងឱកាសមាស ១០០០ថ្ងៃ  ដែលជាអ្នកម្តាយចាប់ពីពរពោះរហូតសម្រាលកូន និងចិញ្ចឹមកូនតូច សរុប ១០០០ថ្ងៃ   ។​ តួនាទីភ្នាក់ងារផ្សព្វផ្សាយឃុំ សំខាន់ខ្លាំងណាស់ដែលត្រូវផ្តល់ប្រឹក្សាដល់អ្នកម្តាយទាំងនោះឲ្យបរិភោគអាហារដែលមានជីវជាតិ ហើយដែលវាបានមកពី ការធ្វើកសិកម្មដោយគិតគូដល់អាហារូបត្ថម្ភរបស់គ្រួសារនីមួយៗ និងសហគមន៍គាត់ ។  លោកស្រីក៏បានបន្ថែមថា លទ្ធភាព សិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញនិងការធ្វើការជាមួយសហគមន៍ផង គឺរបត់នៃការកសាងសមត្ថភាពដែល លោកស្រីនឹងសម្របសម្រួលឲ្យមាននៅក្នុងក្របខណ្ឌមគ្គុទេសគម្រោងរបស់លោកស្រី ។

លោកប្រធានមន្ទី ក៏បានសាទរនូវគម្រោងដែលមានជួយបំពេញឲ្យគ្នាទៅវិញទៅមករវាងកសិកម្មនិងសុខភាពសាធារណៈ ហើយលោកនឹងបន្តសម្របសម្រួលបណ្តុះបណ្តាលសមត្ថភាពភ្នាក់ផ្សព្វផ្សាយគ្រប់ជាន់ថ្នាក់ឲ្យកាន់តែប្រសើរថែមទៀត ។